Thursday, August 18, 2011


ប្រវត្តិពិតរបស់លោកយាយខ្ញុំ

អត្ថបទនេះសរសេរដោយប្អូនជីជូនមួយរបស់ខ្ញុំកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក​ព័ត៌មានវិទ្យានៅប្រទេសអ៊ីតាលី

គិតចុះគិតឡើងរឿងដែលខ្ញុំបានស្តាប់ពីចាស់ៗ ឬក៏ឪពុកម្តាយរបស់ខ្ញុំអំពីលោកយាយរបស់ខ្ញុំ មាន​ច្រើន​ណាស់ ប្រសិន​បើខ្ញុំមិនកត់ទុកទេ យ៉ាងច្រើនផុតពីជំនាន់ខ្ញុំទៅលែងមានអ្នកណានៅចាំរឿងអស់នោះទៀតហើយ ។ ខ្ញុំ​ចង់​សរសេរប្រវត្តិរូបរបស់លោកយាយរបស់ខ្ញុំទុក មួយសម្រាប់អ្នកជំនាន់​ក្រោយឲ្យបាន​យល់អំពីសណ្តាន​ចិត្ត​ដ៏​​សប្បុ​រស​របស់គាត់ និងមួយទៀតក៏បង្ហាញពីជីវិតរបស់ស្ត្រីខ្មែរម្នាក់ដែលបាន​ឆ្លងកាត់នូវសម័យ​កាលផ្លាស់​ប្តូរ​ដ៏ច្រើន​របស់​ប្រវត្តិសាស្ត្រខ្មែរ ។ តែខ្ញុំពិតជាមិនអាចចាប់ផ្តើមដោយសរសេរប្រវត្តិរូបតែម្តងនោះទេ ត្រូវតែចាប់​ផ្តើម​ពីរឿង​មួយចំនួនតូចដែលខ្ញុំចាំបានសិន ។


ជាកូនភ្លោះ

លោកយាយរបស់ខ្ញុំជាកូនភ្លោះ គាត់មានឈ្មោះ ធួក ឌួក និងប្អូនស្រីភ្លោះរបស់គាត់ឈ្មោះ ធួកឌូ តែប្អូន​ភ្លោះរ​បស់គាត់ធ្វើអនិច្ចកម្មទៅជាង ១០ឆ្នាំហើយ ។ គាត់កើតនៅខេត្តព្រៃវែង ក្នុងឆ្នាំ ១៩២២ (ឆ្នាំជាមួយគ្នានឹង អតីតមហាក្សត្រខ្មែរ នរោត្តម សីហនុ) ដោយមានឪពុកឈ្មោះធួក និងម្តាយឈ្មោះជូរ ជាត្រកូលគ្រួសារធូរធារ ។ ម្តាយរបស់គាត់បានធ្វើអនិច្ចកម្មតាំងពីគាត់នៅក្មេង នៅក្នុងចំណោមបងប្អូនគាត់ ដែលមានម្តាយឪពុកជាមួយគ្នា គឺនៅសល់តែគាត់ម្នាក់ប៉ុណ្ណោះ ។ ពេលសម័យនៅក្មេង លោកយាយខ្ញុំជាអ្នកស្រឡាញ់ធម៌អារ្យ នៅដើមសតវត្សទី ២០ នៅភូមិរបស់គាត់ហៅភូមិ កន្លោង ឃុំទឹកថ្លា ស្រុកព្រៃវែង ពុំទាន់មានវត្តទេ ទើបចាស់​ទុំក្នុងភូមិ​បាន​ផ្តួចផ្តើម​គំនិតគ្នាក៏សាងវត្តមួយ នៅក្បែរភូមិ វត្តនោះមានឈ្មោះថា វត្តព្រៃរវាយ (ខ្ញុំមិនចាំឈ្មោះវត្តជាភាសាបាលីទេ) ហើយបានស្រុះស្រួលគ្នាអញ្ជើញព្រះសង្ឃមួយអង្គព្រះនាមយី មកគង់នៅក្នុងទីអារាមថ្មីនេះ ។ លោកគ្រូយី គឺជា​សង្ឃ​ដែលមិនចូលចិត្តលាភសក្ការៈអ្វីនោះទេ ទោះបីជាមានគេសាងកុដិ ឬក៏សាលាប្រគេន ក៏លោក​ពុំសូវគង់​នៅទី​នោះដែរ គឺលោកច្រើនទៅភាវនាធម៌ នៅទីស្ងាត់ លក្ខណៈនេះ​ហើយដែលធ្វើឲ្យ​លោកយាយខ្ញុំ​មានចិត្ត​សទ្ធា​ជ្រះថ្លា​នឹងធ្វើបុណ្យជាមួយព្រះសង្ឃអង្គនេះ ។ សាងវត្តបានប៉ុន្មានឆ្នាំ ក៏មានលោកគ្រូសូត្រមួយអង្គទៀត មកគង់​នៅវត្ត​នេះ តែលោកគ្រូសូត្រអង្គនោះជាសង្ឃចូលចិត្តលាភសក្ការៈ រឿងអស់នេះលោកយាយខ្ញុំតែងលើកឡើងថា គាត់​មិន​ចូលចិត្តលោកគ្រូសូត្រអង្គនោះដោយសារបច្ច័យខាងលើនេះ ។


ក្រោយរៀបការ

ពេលគ្រប់វ័យមានគ្រួសារ លោកតាធួក ក៏បានផ្សំផ្គុំឲ្យលោកយាយរបស់ខ្ញុំរៀបការសាងគូស្រករ ជាមួយ​លោក​តា​របស់ខ្ញុំឈ្មោះ ទុយ វ៉ា ។ គាត់ទាំងពីរចាប់ដៃរស់នៅជាមួយគ្នាបានកូនជិតដប់នាក់ ក្នុងនោះមានភ្លោះមួយគូ តែ​ដោយ​សារតែពេលកើតជារដូវរងា កូនបងដែលកើតមកមុន ពុំមានអ្នកណាបីបមរុំឱបគ្មានឆ្មប ព្រោះអ្នក​នៅក្នុង​គ្រួសារ​រវល់ទៅធ្វើស្រែ ទើបបណ្តាលឲ្យកូនបងនោះស្លាប់ទៅ គឺនៅសល់តែកូនភ្លោះប្អូន ដែលកូន​ក្មួយច្រើន​ហៅ​គាត់ថា ញ៉ (ខ្ញុំមិនចាំឈ្មោះផ្លូវការរបស់អ៊ុំស្រីខ្ញុំទេ) ។ សព្វថ្ងៃកូនគាត់ដែលនៅរស់មាន ៦នាក់ ប្រុសបួន ។ ប្តីប្រពន្ធគាត់គោរពគ្នាណាស់ មិនដែលហ៊ាននិយាយសម្តីខ្ពស់ដាក់គ្នានោះទេ ខ្ញុំចាំម្តងនោះ​ថាលោក​យាយ​ខ្ញុំ​វេញអំបោះបាន ហើយឲ្យលោកតាយកទៅលក់នៅព្រៃនគរ តែពេលត្រឡប់មកវិញអត់មានលុយមកជាមួយ លោក​យាយ​សួរថារបស់នៅឯណាដោយសម្តីរាងធ្ងន់តែមួយម៉ាត់ លោកតាលែងមាត់លែងករកគាត់អស់មួយរយៈ ។ ខ្ញុំ​ធ្លាប់​​ឮឪពុកខ្ញុំនិយាយថា លោកតារបស់ខ្ញុំ សូម្បីតែត្រីមួយក៏មិនធ្លាប់សម្លាប់ដែរ ។ រឿងមួយដែលគួរតែនិយាយដែរ គឺក្រោយពេលការ និងមុនពេលបែកផ្ទះចេញពីគ្រួសារលោកយាយខ្ញុំ លោកតាខ្ញុំមិនហ៊ាន​និយាយជា​មួយនឹង​លោក​យាយរបស់ខ្ញុំនៅក្រៅបន្ទប់នោះទេ ព្រោះគាត់ខ្លាចច្រឡំជាមួយនឹងលោកយាយឌូ ដែលត្រូវជាប្អូនភ្លោះ ដោយ​ហេតុ​ថា​គាត់ទាំងពីរគឺដូចគ្នាខ្លាំងណាស់ ។ សូម្បីតែឪពុករបស់ខ្ញុំដែលជាកូនបង្កើតក៏ធ្លាប់ច្រឡំដែរ គឺនៅពេល​គាត់​នៅ​ក្មេង គាត់នៅមើលប្អូនពៅគាត់ ប្អូនពៅឃ្លានបៅ ពុកខ្ញុំក៏រត់ទៅរកលោកយាយឌួក តែពេលជួបលោកយាយឌូ ពុកខ្ញុំក៏​និយាយប្រាប់ថា «ម៉ែ!មីអូនឃ្លានបៅ» តែត្រូវលោកយាយឌូតបថា «មិនមែនទេក្មួយ! ម៉ែកូនឯង​នៅឯស្រែ​មិនទាន់ត្រឡប់មកវិញទេ» ។ មិនថាតែពុកខ្ញុំទេ សូម្បីតែខ្ញុំផ្ទាល់ពេលនៅតូចក៏ច្រឡំតែញយដែរ ព្រោះថា​គាត់ដូច​គ្នាពេក តែនៅពេលខ្ញុំធំដឹងក្តីមិនទាន់បានប៉ុន្មានផង លោកយាយឌូដែលត្រូវជាប្អូនពេលកំពុងរៀបចំកម្មវិធីអ្វីមួយ គាត់ហត់ពេកឡើងទៅសម្រាកលើគ្រែ ហើយធ្លាក់ពីលើគ្រែ ក៏បណ្តាលឲ្យស្លាប់មួយចំហៀងខ្លួន និងត្រូវ​រស់នៅ​បែប​នេះរហូតដល់អនិច្ចកម្មនៅអាយុ ៧៧ឆ្នាំ ។ សូម្បីតែម្នាក់ស្លាប់មួយចំហៀងខ្លួនទៅហើយ ក៏នៅតែ​មាន​អ្នក​ច្រឡំ​គាត់និងប្អូនគាត់ដែរ គឺនៅពេលម្តងនោះមានយាយលក់អាកោម្នាក់ បានដាក់ចានដែកអាកោគាត់ចុះ នៅចន្លោះ​ផ្ទះល្វែង​របស់លោកយាយឌួក និងលោកយាយឌូ យាយលក់អាកោនោះស្រែកថាខ្មោចលង ព្រោះអ្វីគាត់​ងាកឆ្វេង​ឃើញលោកយាយឌួកអង្គុយ ឯងាកមកស្តាំឃើញលោកយាយឌូសម្រាន្ត យាយលក់អាកោ​នោះរក​កល​ចង់ខ្យល់​ចាប់ ខ្ញុំបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក ។ នៅមានរឿងច្រឡំបែបនេះមួយទៀត ខ្ញុំនឹងលើក​យកមកនិយាយ​ម្តងទៀតនៅពេលក្រោយ ។


ចោរលួចគោ

ពុកខ្ញុំបាននិយាយកាលពីគាត់អាយុជាងដប់ឆ្នាំ គឺនៅក្នុងទសវត្សឆ្នាំ ៦០ លោកតាខ្ញុំបាន រៀបចំគម្រោង ការចាប់ ក្រុមចោរ លួចគោ ដែលបានលួចកូនគោភ្លោះជាទីស្រឡាញ់របស់បងគាត់ ។ គាត់បានជួលគេម្នាក់ ដែលស្គាល់ ក្រុមចោរនោះ ឲ្យទៅបបួលពួកវាមកលួចគោគាត់ ដោយគាត់នឹងរៀបចំគម្រោង ការជាមួយនឹងប្រុសៗ ពេញ កម្លាំងក្នុងភូមិ ដែលចេះគុណដំបង គុណបុរាណផ្សេងៗនោះឲ្យស្ទាក់ចាំចាប់កាប់ក្រុមចោរ ។ ដូចគម្រោងដែល គ្រោងទុក ចោរក៏បានចូលមកលួចគោនៅផ្ទះគាត់ ហើយក្រុមអ្នកភូមិនិង បងប្អូនគាត់ដែលចូល រួមក៏ចេញប្រតិបត្តិ ការវាយទៅលើក្រុមចោរ ពេលនោះមានបុរសម្នាក់បានកាប់ចោរមួយផ្គាក់ចំជើង ស្លាប់នៅនឹងកន្លែង រួចពីនោះ ក្រុមចោរផ្សេងទៀតក៏រត់រួចអស់ ។ ចោរម្នាក់នោះដេកស្លាប់ក្នុងថ្លុកឈាម ហើយពេលព្រឹកស្អែកត្រូវ បញ្ជូនខ្មោច ចោរនោះទៅ សាលាស្រុកតាមរទេះ តាមផ្លូវក្រុមចោរចេញមកស្ទាក់ ធ្វើឲ្យក្រុមអ្នកដឹកសពរត់ភ័យគ្រប់គ្នា តែតាម ការពិត ពួក ចោរនោះ គឺវាគ្រាន់តែមកកាប់សាកសពនោះបន្ថែម ដើម្បីបង្កើនទម្ងន់ទោស ដល់ក្រុម អ្នកកាប់ចោរ នោះងាប់ ។ ដោយត្រូវបានចោទថាសម្លាប់ចោរ លោកតារបស់ខ្ញុំត្រូវគេបញ្ជូនចូលគុក ។ ក្រោយពីលោកតាជាប់គុក លោកយាយខ្ញុំត្រូវទទួលបន្ទុកគ្រួសារទាំងអស់ ជាហេតុបង្ខំឲ្យ គាត់លក់កេរ្តិ៍អាករពីឪពុកម្តាយ និងផ្ទះសម្បែង ដើម្បីរត់ការក្តីក្តាំរបស់លោកតាខ្ញុំ ។ នៅក្នុងគុកគ្មានទឹកផឹក ក្រហល់ក្រហាយ លោកតាខ្ញុំ សម្រេចថា នឹងត្រង ទឹកនោមអ្នកទោសដូចគ្នាផឹកទៅហើយ តែសំណាងល្អមានដីការដោះលែងខ្លួន ដែលកើតចេញពីការប្រឹងប្រែង និង ភក្តីភាពរបស់លោកយាយខ្ញុំ ។ លោកយាយខ្ញុំតែង និយាយណែនាំថាកុំឲ្យកើតមានរឿងក្តីក្តាំ តែមានរឿងក្តីក្តាំ ហើយ គឺអស់ទ្រព្យអស់កេរ្តិ៍អាករហើយ ។ ចេញផុតពីគុក គាត់ទាំងពីរស្ទើរតែបាតដៃទទេ ។

រឿងចិត្ត

លោកតាលោកយាយរបស់ខ្ញុំជាមនុស្សចិត្តណាស់ គឺថាបើគាត់ទៅផ្ទះគេកម្រ ណាស់នឹងហូបបាយ ហូបទឹក ណាស់ ទោះជាគេឃាត់យ៉ាងណាក៏ដោយ អត្តចរិតបែបនេះក៏នៅតែបន្សល់ដល់កូនចៅជំនាន់ក្រោយ ដោយពិបាក

នឹងកែប្រែ ។ ប្រសិនបើគេរកគាត់ជួយការងារអ្វីមួយ ដូចជាសែងផ្ទះជាដើម គឺគាត់ទៅភ្លៀម ហើយរួច​ការងារ​នោះ​ភ្លាម គឺគាត់ត្រឡប់មកផ្ទះហើយ មិននៅបាយទឹកផ្ទះគេទេ បើចង់ឲ្យគាត់នៅហូប គឺទាល់តែរៀប​បាយ​ទឹកឲ្យហើយ ហើយអូសដៃគាត់ចូលតែម្តង ទើបគាត់មិនរកលេសទៅផ្ទះវិញ ។ រឿងលោកតាខ្ញុំវិញ គឺសូម្បី​តែកូនបង្កើត​ដែលបែកផ្ទះទៅហើយ ក៏គាត់មិនទៅហូបបាយនៅផ្ទះកូនដែរ ។ ចំណែកលោកយាយខ្ញុំវិញ មានថ្ងៃមួយ​នោះគាត់​ទូល​របស់ទៅលក់ តាមផ្លូវត្រឡប់មកវិញ ឃ្លានបាយស្ទើរដាច់ពោះ ភ្នែកឡើងក្រហម មានបងប្អូន​ហៅចូល​លេងផ្ទះគេសិន ពេលចូលទៅវារសៀលហើយ ម្ចាស់ផ្ទះស្រីសួរនាំគាត់ថាហូបបាយហើយឬនៅ គាត់តបថាហើយៗ គេបបួល​ហូបបាយគាត់ឆ្លើយថាទេទេរហូត សូម្បីតែការពិតឃ្លានចង់ដាច់ពោះ ម្ចាស់ផ្ទះ​ប្រុសដឹងចិត្ត ក៏ប្រាប់​ទៅប្រពន្ធថា «មិនស្គាល់ចិត្តពូជពង្សហ្នឹ៎ងទេហី មិនបាច់សួរនាំទេ គាត់មិនដែល​ឆ្លើយថាចា៎សបាទ ម្តងណាទេ គឺមានតែទេទេ ទោះអត់ងាប់ក៏ទេដែរ ទៅទៅរៀបបាយទៅ អ្នកនៅហ្នឹ៎ងពិសារបាយហើយចាំទៅ មកពីលក់ដូរ​កាត់​ថ្ងៃ​ក្តៅហត់ ភ្នែកឡើងក្រហមអស់ហើយ» ទាល់តែម្ចាស់ផ្ទះប្រុសថាបែបនេះ ទើបគាត់នៅពិសារបាយ​ផ្ទះគេបាន​មួយពេល ។ រឿងគាត់ទៅផ្ទះគេមួយ តែអារឿងគេមកផ្ទះគាត់វិញគឺ ឃាត់ឲ្យទាល់តែ​នៅពិសារ​បាយហើយ​បានឲ្យ​ទៅ ទោះអត់ហូបខ្លួនឯង ក៏ទៅរកខ្ចីបុលគេយកមកឲ្យញាតិមិត្តហូបដែរ ។ ធ្លាប់តែឮពុកខ្ញុំថា បើគាត់ធ្វើនំបញ្ចុក​ម្តងៗគឺ រាប់សិបគីឡូ ហើយគ្រាន់តែឲ្យកូនជញ្ជូនយកទៅឲ្យបងប្អូនហូបចុកវិញក៏ហត់ដែរ ។ លោកតារបស់ខ្ញុំ​ទទួល​អនិច្ចកម្ម​នៅភ្នំពេញ តាំងតែពីខ្ញុំកើតមិនទាន់ដឹងក្តីមកម្លេះ ។

ចិត្តមេត្តាធម៌

និយាយពីកូនភ្លោះប្អូន គឺអ៊ំញ៉ គាត់បានរៀបការជាមួយនឹងគ្រូបង្រៀនម្នាក់ ដែលត្រូវជាសាច់ញាតិនឹងគ្នា ហើយ​ក៏​បាន​មកនៅជាមួយប្តីនៅអ្នកលឿង ពេលលោកតាលោកយាយរបស់ខ្ញុំមកលេងនឹងកូនស្រីនៅអ្នកលឿង ឃើញ​ថានៅលើផ្ទះគ្មានអ្វីទេ សូម្បីតែទូរដាក់ចានក៏គ្មានដែរ ។ ពេលត្រឡប់ទៅវិញ លោកតារបស់ខ្ញុំបាន​ធ្វើទូរដាក់​ចានមួយឲ្យអ៊ំស្រីខ្ញុំ ពេលធ្វើរួចលោក​យាយរបស់​ខ្ញុំត្រូវទូល​ទូរនោះ​ពីកន្លោងដោយ​ដើរថ្មើរជើង​យកមក​ឲ្យកូន​នៅ​អ្នក​លឿង នេះដោយសារតែអ្វី? គឺដោយសារតែចិត្តស្រឡាញ់កូន ។ ពេលដើរមកតាមផ្លូវ ជិតផ្លូវបំបែកចូល​ផ្លូវជាតិ​ពីព្រៃវែង​មកអ្នកលឿង គាត់ក៏ជួបកូនក្មេងស្រី និងប្រុសពីរនាក់ដើរកាន់ដៃគ្នា កណ្តៀត​ស្រូវមួយ​ល្អីក្នុងដៃ​របស់​ក្មេង​ស្រី ក្នុងដំណើរទៅអ្នកលឿងដែរ ដោយអាណិតក្មេងតូចៗដែលកណ្តៀតរបស់ធ្ងន់ គាត់ក៏យកស្រូវពី​ក្មេងតូច​នោះ​មក​ទូលបន្ថែមពីលើទម្ងន់ទូរដាក់ចានមួយដែលនៅពីលើក្បាលស្រាប់ នេះដើម្បីអ្វី? គឺដោយសារតែចិត្តមេត្តា

នៅមានរឿងជាបន្តទៀត ដែលខ្ញុំនឹងសរសេរនៅពេលក្រោយ! ចំពោះកំហុសឆ្គង មិនត្រូវសាច់រឿង ឬមិន​ចាំឈ្មោះ​យ៉ាងណា ខ្ញុំនឹងកែប្រែតាមក្រោយទៀត ជាដំបូង គឺធ្វើយ៉ាងណាឲ្យបានក្បាលបន្តិចសិន យ៉ាងហោច​ណាស់​ក៏​មិនទទេ។

កាលពីមុនខ្ញុំបានចាប់ផ្តើមបន្តិចហើយពីប្រវត្តិខ្លះរបស់លោកយាយខ្ញុំ នេះជាប្រវត្តិជាបន្ត ដែលខ្ញុំ​ចងក្រង​ឡើងតាមការចងចាំរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាបន្ទាប់ពីបញ្ចប់ការសរសេរតាមការចងចាំនេះ នឹងមានអ្នក​ណាម្នាក់​ជួយ​យក​អត្ថបទនេះទៅផ្ទៀងផ្ទាត់ជាមួយលោកយាយខ្ញុំ និងអ៊ំពូមីងចាស់ៗ ដែលនៅ​ចាំរឿងរ៉ាវ​ទាក់ទង​ទៅនឹង​លោក​យាយរបស់ខ្ញុំ ដើម្បីកែប្រែកំហុស និងបន្ថែមសាច់រឿងផ្សេងៗចូល ដើម្បីឲ្យវាកាន់តែប្រសើរឡើង ។ មួយទៀតការ​សរសេរ​ជីវប្រវត្តិរបស់លោកយាយ ក៏ដើម្បីអបអរជន្មាយុ ៩០ឆ្នាំ របស់លោកយាយ ដែលកូន ចៅ ចៅទួត​រៀប​ចំ​ធ្វើនៅខែក្រោយនេះផង ។

សូមត្រឡប់ទៅកាលពីជីវិតកុមារភាពរបស់លោកយាយខ្ញុំបន្តិចសិន លោកយាយជា​មនុស្សចេះជួយទុក្ខធុរៈ​បងប្អូនសាច់ញាតិណាស់ កាលនៅពីជំទង់ លោកយាយតែងជួយមើលថែក្មួយៗដែលត្រូវជាកូនៗរបស់បងគាត់ ។ បន្ថែមពីលើចិត្តល្អហើយលោកយាយនៅមានរូបសម្ផស្សស្អាតទាំងគូបងប្អូនភ្លោះតែម្តង គឺមានសំបុរស និងកម្ពស់​ខ្ពស់ ទើបធ្វើឲ្យគេសរសើរលោកតាទួតរបស់ខ្ញុំថាមានកូនស្អាត ដូចគោមួយនឹមមួយនាឡិ ។ ចំណែកប្តីលោក​យាយខ្ញុំវិញ គឺលោកតាទុយ វ៉ា គាត់រាងទាប សំបុរខ្មៅស្រអែម ខ្នងកោងបន្តិច តែលោកតាមានច្រមុះស្អាត ។ ក្នុងចំណោមកូនជិត ១០នាក់ គឺមានតែកូនពីរប្រុសពីរនាក់ទេ ដែលមានមាឌ និងសំបុរកាត់ទៅរកលោកយាយ ក្រៅពីនេះគឺកាត់ទៅខាងលោកតាទាំងអស់ ដូចជាប៉ាខ្ញុំក៏កាត់ទៅខាងលោកតាដែរ ។

ជម្ងឺអុចធំ

ជម្ងឺអុចធំគឺជាជម្ងឺមួយវិវត្តន៍ចេញពីជំងឺអុចស្វាយ តែវាមានលក្ខណៈធ្ងន់ធ្ងរជាង គឺមានអុចធំៗ លោក​យាយ​ខ្ញុំថាវាមានរហូតដល់ប៉ុនចានចង្កឹះ បើវាកើតខ្លាំងគឺឈានរហូតដល់មុខ ហើយប្រសិនបើកើតចំភ្នែកគឺត្រូវខ្វាក់តែម្តង គឺដូចលោកតាគង់ណៃ អ្នកចម្រៀងចាប៉ៃនោះឯង ដែលលោកត្រូវពិការ​ភ្នែកតាំងពីកុមារភាព​ដោយសារ​ជម្ងឺអុច​ធំនេះ ។ លោកយាយខ្ញុំនិយាយថា កាលពីសម័យឆ្លងរាលដាលជម្ងឺអុចធំនោះ កូនៗរបស់លោកតា​ទួតរបស់ខ្ញុំ​គឺ​កើត​គ្រប់គ្នា ហើយគឺមានសភាពធ្ងន់ៗ ដោយមានអុចធំៗ ពេលផ្ទុះហូរជាទឹករងៃ មិនអាចដាក់ឲ្យដេក​ផ្ទាល់​ទៅនឹងរនាប ឬកន្ទេលបានទេ ព្រោះវានឹងធ្វើឲ្យស្អិតជាប់ ដូច្នេះត្រូវទៅកាត់ស្លឹកចេកយកមកទ្រាប់ឲ្យដេក លោក​យាយ​របស់ខ្ញុំក៏ឆ្លងដែរ តែមិនសូវជាធ្ងន់ដូចប្អូនភ្លោះរបស់គាត់គឺលោកយាយឌូ និងបងៗរបស់គាត់ទេ ។ ដោយ​មើលពុំជាពុំស្បើយ លោកតាខ្ញុំក៏បានអុជធូបបែបន់ទៅព្រះគុណម្ចាស់ថ្លៃលោកពោធិ៍លោកពាន* ឲ្យជួយ ដោយបន់​ថា​បើកូនចៅជាសះស្បើយ នឹងយកកូនទាំងអស់ទៅបួសថ្វាយព្រះគុណម្ចាស់ថ្លៃ ។ ក្រោយពីបន់ស្រន់​ហើយនោះ​ក៏បានជាសះស្បើយមែន ទើបលោកតាបាននាំកូនៗទៅបួសថ្វាយព្រះគុណម្ចាស់ថ្លៃ តែក្នុងចំណោមកូនៗគាត់នោះ មានបងរបស់លោកយាយខ្ញុំម្នាក់បានមិនព្រមការសក់ទេ គឺរត់ចេញ តែនៅពេលនោះក៏កើតមាន​រន្ទះបាញ់​ប្រផិតៗ​គាត់ ទើបគាត់ព្រមរត់មកកោរសក់ថ្វាយព្រះគុណម្ចាស់ថ្លៃ ។

សំគាល់៖ ព្រះគុណម្ចាស់ថ្លៃលោកពោធិ៍លោកពាននេះ គឺរាប់ជាអ្នកឃុំគ្រងថែរក្សាវង្សត្រកូល​របស់ខ្ញុំមក​រាប់​ជំនាន់មកហើយ បើតាមតែខ្ញុំដឹងគឺយ៉ាងតិចក៏ត្រឹមជំនាន់លោកតាទួតរបស់ខ្ញុំនោះមកដែរ ខ្ញុំមិនចាំទីតាំងអាស្រម​របស់​ព្រះគុណម្ចាស់ថ្លៃទេ តែដែលហៅថាលោកពោធិ៍លោកពាននេះ ក៏ដោយសារមានអាស្រមពីរផ្សេងគ្នា គឺលោក​ពោធិ៍ ដែលហៅតាមដើមពោធិ៍ដែលយើងគោរពតរៀងមក ដែលគេឃើញអណ្តែតទឹក ហើយបានអញ្ជើញ​យកមក​ដាំ​នៅលើទីទួលដែលជាអាស្រមរបស់ព្រះអង្គសព្វថ្ងៃនេះ ចំណែកលោកពាន គឺមានពានឈើមួយជាតំណាង តែពាន​នោះ​ត្រូ​វបានឆេះកាលពីឆេះអាស្រម ដូច្នេះនៅពេលសាងអាស្រមថ្មីសព្វថ្ងៃ គឺពុំមានឃើញពា​នជាតំណាង​ទៀតទេ គឺមានតែព្រះពុទ្ធរូបជាតំណាង ។ តាមការសម្គាល់របស់ខ្ញុំ ខ្ញុំយល់ឃើញថា​លោកពោធិ៍គឺមាន​បារមីធំជាង​លោកពាន ព្រោះថាពេលថ្វាយភ្លេង គឺខាងលោកពានគេច្រើនថ្វាយតែភ្លេងខ្មែរ ចំណែកឯខាងលោកពាធិ៍​គឺគេថ្វាយ​ភ្លេងពិណពាទ្យ តែជួនកាលក៏មានការថ្វាយភ្លេងខ្មែរផងដែរ ។ ជំនឿទៅលើព្រះគុណម្ចាស់ថ្លៃថា​ស័ក្តិសិទ្ធ​មាន​បារមី​អាចជួយកូនចៅបាននេះ គឺជឿរហូតដល់សម័យរបស់ខ្ញុំ នៅពេលមានការបែបន់ ក៏មានការថ្វាយជារូបសំណាក់ដំរី ថ្វាយជាផ្លែឈើ ផ្កាភ្ញី ថ្វាយភ្លេងជាដើម នៅរៀងរាល់ពិធីគោរពបូជាធំៗ មានការបញ្ជាន់រូបដែលមានរូបស្នឹង នៅភូមិស្រុកនោះជាអ្នកបញ្ចូល តែសូមបញ្ជាក់ផងដែរថាក្នុងរូបស្នឹងនោះក៏មានលោកវេជ្ជបណ្ឌិតមួយរូប នៅពេទ្យ​កាល់ម៉ែត មកបញ្ជាន់រូបផងដែរ សួរថាតើលោកវេជ្ជបណ្ឌិតទៅធ្វើរឿងបែបនេះធ្វើអ្វី នេះក៏មក​ពីបារមីស័ក្តិ​សិទ្ធរបស់​ព្រះគុណម្ចាស់ថ្លៃនេះឯង ។ កន្លែងព្រះអង្គគឺពុំអនុញ្ញាតឲ្យយកសាច់ចូលទៅនោះទេ បើមានសាច់មានអ្វីទៅជាមួយ ច្រើនតែទៅមិនដល់កន្លែងរបស់ព្រះអង្គនោះទេ អាចថាខូចឡាន ឬក៏មានហេតុភេទអ្វីមួយកើតឡើងជាឧបសគ្គ ដូចកាល​ម្តងនោះ​ដែលខ្ញុំទៅជាមួយប៉ាម៉ាក់របស់ខ្ញុំ ដោយក្នុងឡានមានបាយដាក់សាច់មួយប្រអប់ ពួកយើងមិនអា​ចចូលទៅបានទេ គឺដោយសារប្រជាជានលើកផ្លូវ ទើបប៉ា និងម៉ាក់របស់ខ្ញុំត្រូវចុះដើរទៅ ។

ជម្ងឺអាសន្នរោគ៖

ថ្នាំអាសន្នរោគ គឺថ្នាំស្ពឹក ទើបតែបាននាំចូលស្រុកខ្មែរនៅចុងសម័យបារាំងតែប៉ុណ្ណោះ ប្រសិនបើ​យើង​មើល​រឿងបុរាណ គឺគិតថាជម្ងឺអាសន្នរោគនេះវាកើតឡើងតែកាលពីសម័យបុរាណយូរអង្វែងមកហើយនេះទេ តែលោក​យាយ​ខ្ញុំក៏បានឆ្លងកាត់រឿងអាសន្នរោគនេះដែរកាលពីសម័យគាត់មានអាយុម្ភៃជាង ។ នៅពេលមាន​ជម្ងឺអាសន្ន​រោគឆ្លងរាលដាលនោះ លោកយាយរបស់ខ្ញុំស្នាក់នៅជាមួយលោកតាទួតរបស់ខ្ញុំនៅឡើយ ជម្ងឺឆ្លងពេញភូមិ មានអ្នកស្លាប់ជាច្រើន ពេលមានជម្ងឺរាគរូសនេះចាស់ៗគាត់មិនឲ្យផឹកទឹកទេ ដោយគាត់យល់​ថាបើឲ្យ​ទឹកផឹក​គឺនឹងបន្តរាគមិនឈប់នោះទេ ដូច្នេះត្រូវរាគរូសអស់ជាតិទឹករហូតស្លាប់ក្នុងរយៈពេលតែ ៥ ទៅ ៦ម៉ោងប៉ុណ្ណោះ ពេលយប់​លោកយាយរបស់ខ្ញុំនិយាយថាឮសម្លេងថាគេមកយកជីវិតអ្នកនេះអ្នកនោះ ។ ដោយមើលទៅ​មិនអាច​មើល​ថែកូនចៅតទៅមុខទៀតបាន លោកតាទួតរបស់ខ្ញុំក៏ប្រាប់កូនៗថា ពុកចាប់កូនឯងលែងជាប់ហើយ កូនឯង​ទៅ​ណា​ក៏ទៅចុះ នៅពេលឮលោកតានិយាយដូច្នេះកូនៗក៏រៀបចំឥវ៉ាន់ ដឹកតាមរទេះ​សាលីចេញ​ពីភូមិតម្រង់​ទៅ​ទីតាំង​ព្រះគុណម្ចាស់ថ្លៃលោកពោធិ៍លោកពាន មុននឹងចេញទៅក្មួយរបស់លោកយាយខ្ញុំម្នាក់បានឆ្លងអាសន្នរោគ រាគរូស ឃ្លានទឹកយ៉ាងខ្លាំងតែគេពុំឲ្យផឹក ដោយលោកយាយខ្ញុំអាណិតក្មួយខ្លាំង​ពេកក៏ដួសទឹកមួយកូនពាងមក​ទុក​ក្បែរក្មួយឲ្យផឹក រួចទើបលោកយាយចេញទៅ ។ ពេលធ្វើដំណើរទៅកាន់ព្រះគុណម្ចាស់ថ្លៃ ទៅដល់ក្បែរ​ផ្លូវចូល​ភូមិផ្សេង គឺប្រុសៗអ្នកភូមិផ្សេងគេមកដាក់សម្រាស់ពាំងផ្លូវមិនឲ្យធ្វើដំណើរឆ្លងកាត់ភូមិរបស់គេនោះទេ ព្រោះខ្លាច​ឆ្លងជម្ងឺ គឺគេឲ្យឆ្លងកាត់តាមវាលស្រែ ។ ពេលទៅដល់លោកពោធិ៍លោកពាន ក៏បានជាពុំមានឆ្លងរាគរូសអ្វីទៀតទេ បន្ទាប់ពីស្រុកភូមិស្ងាត់រឿងជម្ងឺអាសន្នរោគហើយ ទើបទាំងអស់គ្នាត្រឡប់ចូលភូមិវិញ ពេលត្រឡប់មកដល់​ភូមិ​ឃើញថាក្មួយលោកយាយខ្ញុំដែលឆ្លងអាសន្នរោគនោះ មិនស្លាប់ទេ គឺនៅរស់ គឺបានគុណ​បុណ្យទឹក​មូយ​កូនពាង​នោះឯង ។

លោកចៅហ្វាយ

ខ្ញុំមិនចាំថាលោកតាទួតរបស់ខ្ញុំមានមុខងារអ្វីនោះទេ ខ្ញុំដឹងតែវង្សត្រកូលរបស់ខ្ញុំជាប់ខ្សែនឹងអម្រិន្ទអ៊ឹម ប្រហែលជាមេទ័ពសម័យឧដុង្គ ។ ខ្ញុំគិតថាលោកតាទួតរបស់ខ្ញុំគឺជាមេឃុំ ព្រោះនៅរៀងរាល់ពេលជិតចូលឆ្នាំ ឬ​បុណ្យទានផ្សេងៗ គឺលោកតាទួតរបស់ខ្ញុំត្រូវហៅកូន ហៅចៅមកជួយគ្នាធ្វើនំធ្វើនែក យកទៅជូនលោកចៅហ្វាយ ដែលមានងារជាចៅហ្វាយស្រុក នំដែលលេចរូបរាងប្រណីតជាងគេរបស់ភូមិលោកយាយខ្ញុំគឺនំខ្ញុំ បើថាឆ្ងាញ់​ក៏វា​មិនណាស់ណាដែរ តែបើរូបរាងវិញគឺល្អប្រណីតណាស់ គឺមានក្បាច់ក្បូរស្អាត ហើយនៅលើនោះមានបិតរូបផ្កា រូបមាន់ រូបសត្វយ៉ាងប្រណីត ។ នៅពេលមានបុណ្យទានម្តងៗ លោកយាយខ្ញុំត្រូវទៅជួយធ្វើនំ គឺត្រូវធ្វើ​នំខ្ញីម្តង​រាប់សិបបន្ទះ និងនំផ្សេងៗទៀត យកទៅជូនលោកចៅហ្វាយ ។

ធ្វើនំបញ្ចុក

ក្រោយពីលោកតារបស់ខ្ញុំត្រូវដោះលែងពីគុកមោកវិញ ជីវភាពគ្រួសារត្រូវធ្លាក់ចុះយ៉ាងខ្លាំង រហូតតម្រូវ​ឲ្យលោកយាយរបស់ខ្ញុំសម្រេចចិត្តមកស៊ីឈ្នួលគេធ្វើនំបញ្ចុកនៅអ្នកលឿង ដោយសារជា​មនុស្សចំណាប់​ឆាប់យល់ការ បន្ទាប់ពីស៊ីឈ្នួលគេមិនយូរ លោកយាយរបស់ខ្ញុំក៏ឈានទៅរកស៊ីធ្វើនំបញ្ចុកលក់ដោយខ្លួនឯង ។ លោកយាយ​ខ្ញុំនិយាយថា ចាប់ផ្តើមដំបូងគឺធ្វើមិនបានល្អទេ គឺគាត់ស្រង់យកនំបញ្ចុក​ចេញនៅពេល​ដាំវាពុះ​អណ្តែត​លើកទីមួយ មានអ្នកទិញយកទៅហូបហើយគេមកប្រាប់ថានំបញ្ចុកគាត់ហូបទៅឆ្ងាញពេលព្រឹក តែពេល​ទុក​ដល់ល្ងាចបែទៅជារឹងហូបមិនកើត ទើបលោកយាយខ្ញុំសាកល្បងម្តងទៀត ដោយគាត់​ស្រង់យកនំបញ្ចុក​ចេញ​នៅពេលដែលវាពុះអណ្តែតលើកទីពីរ ។ ចាប់តាំងពីពេលនោះមកគឺគាត់រកស៊ីកាក់កបរហូតធ្វើនំបញ្ចុកមួយថ្ងៃ ៤០សិបល្អី សម្រាប់លក់នៅត្រើយទាំងសងខាងអ្នកលឿង ។ ខ្ញុំថាសម័យ​ដែលលោកយាយ​ធ្វើនំបញ្ចុក​លក់នេះ​គឺនៅ​សម័យលន់ណល់ ព្រោះលោកតារួចចេញពីគុកនៅចុងសម័យសង្គមរាស្ត្រនិយម ។ លោកយាយ​ធ្វើនំបញ្ចុក​លក់រហូតទិញ​បានផ្ទះនៅភ្នំពេញសម្រាប់ឲ្យកូនៗប្រុសៗស្នាក់នៅ និងរៀននៅភ្នំពេញ ។ លោកយាយរក​ស៊ីកាក់​កប​រហូត​មានលុយដាក់ពេញទូរពេញផ្ទះនៅពេលសម័យខ្មែរក្រហមជិតចូលមកដល់ រហូតដល់លោកតាខ្ញុំថា​ឲ្យថា​ប្រឹងអ្វីក៏ប្រឹងម្លេះស្រុកទេសកំពុងមិនស្រួល ទើបលោកយាយឈប់រកស៊ី ហើយជិះ​ឧទ្ធម្ភាគចក្ររត់​គេចពីខ្មែរ​ក្រហមមកភ្នំពេញ ។

សង់ចេតិយជូនឪពុកម្តាយ

ក្រៅពីមានចិត្តមេត្តាធម៌ជួយញាតិមិត្តបងប្អូន លោកយាយក៏ជាកូនដ៏កត្តញូមួយផងដែរ លោកយាយ​ពីរនាក់បងស្រីរបស់គាត់បានខិតខំទូលខ្សាច់ ទូលឥដ្ឋ រែងខ្សាច់ ដើម្បីយកទៅឲ្យគេ​ជួយសាងចេតិយសម្រាប់​តំកល់ធាតុរបស់ឪពុកម្តាយរបស់គាត់ ចំណាយរយៈពេលមួយខែក្នុងការសាងចេតិយមួយនោះនៅលើដីទួលអង្គ ដែរ​ជាទួលបូរាណនៅក្នុងភូមិ ចេតិយនោះនៅតែគង់វង្សរហូតដល់សព្វថ្ងៃ ។ ជាកុសលផលបុណ្យរបស់លោកយាយ សព្វថ្ងៃនេះកូនចៅបានសង់ចេតិយមួយដ៏ធំជូនលោកយាយ តាមការស្រឡាញ់របស់លោកយាយ ដោយ​សាង​ជា​ចេតិយ​រាងមូល នៅលើស្រះមួយនៅក្នុងវត្តដែលស្ថិតនៅស្រុកកំណើតរបស់លោកយាយ សម្រាប់​តំកល់ធាតុរបស់​លោកតា និងកូនៗដែលបានចែកឋានទៅហើយ ។

ខ្ញុំក៏ចង់ឲ្យកូនខ្ញុំមានបុណ្យសក្តិដូចលោកដែរ តែវានៅក្មេងពេក

លោកយាយខ្ញុំតែងនិយាយម្តងហើយម្តងទៀតថា កាលពីប៉ាខ្ញុំមានវ័យជំទង់ គឺលោកយាយ​របស់ខ្ញុំបានទៅ​សួរពូរបស់ខ្ញុំឈ្មោះពូសៀមថាមានឃើញដែកកេះដែរឬទេ? ពេលនោះពូខ្ញុំឆ្លើយថាឃើញប៉ាខ្ញុំកាន់ ឮដូច្នោះលោក​យាយ​ខ្ញុំក៏ទៅសួរប៉ារបស់ខ្ញុំ គ្រាន់តែនិយាយជាមួយប៉ាខ្ញុំថា សៀន សៀមវាថាឃើញកូនឯងកាន់ដែកកេះមែនទេ? គ្រាន់តែថាប៉ុន្នេះ ប៉ាខ្ញុំក៏ឆ្លើយថា អត់មានឃើញទេ (ខ្ញុំសង្ស័យថា ប៉ាខ្ញុំ និងពូខ្ញុំនៅ​ពីក្មេងបែប​មិនសូវ​ត្រូវគ្នាប៉ុន្មាននោះទេ) ក្រោយពីនោះគាត់ខឹងក៏រត់ទៅធ្វើទាហាននៅត្រើយម្ខាងទន្លេមេគង្គ ទម្រាំលោក​យាយដឹង​តាម​​ទៅទាន់ ក៏ទៅជួបលោកមេទាហ៊ានម្នាក់ (ខ្ញុំមិនចាំថាលោកស័ក្តិពីរ ឬក៏ផ្កាយពីរ) លោកយាយ​ទៅអង្វរថា​សូមយកកូនទៅផ្ទះវិញ ពេលនោះលោកមេទ័ពរូបនោះក៏សួរមកលោកយាយថា អ៊ំឯងមិនចង់ឲ្យកូន​មានបុណ្យ​សក្តិ​ដូចខ្ញុំទេឬ? លោកយាយតបថា ខ្ញុំក៏ចង់ឲ្យកូនខ្ញុំមានបុណ្យសក្តិដូចលោកដែរ តែវានៅក្មេងពេក ទើបលោក​មេទ័ពរូប​នោះ​ព្រមប្រគល់ប៉ាខ្ញុំឲ្យមកលោកយាយវិញ ពេលនោះគេកំពុងតែ​កាត់សក់ឲ្យគាត់ចូល​បម្រើទាហ៊ាន​ទៅហើយ ។

ច្រឡំរឿងកូនភ្លោះ

ពេលលោកយាយមកនៅអ្នកលឿង ក៏សង់បានផ្ទះធំ ហើយធ្លាប់មានគ្រួសារគយ​មួយមកជួលស្នាក់​នៅផងដែរ គ្រួសារគយនោះរាប់ថាជាមនុស្សចិត្តទូលាយ ហុចត្រីសាច់ជូនលោកយាយខ្ញុំជាប្រចាំ នៅមិនបាន​ប៉ុន្មានគេក៏​ប្តូរ​ទៅនៅកន្លែងផ្សេង តែលោកយាយនៅតែភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារនោះ ។ ថ្ងៃមួយពេល​កំពុងរៀប​ចំការកូន ប្រពន្ធរបស់គយនោះក៏មកចូលរួមដែរ គាត់បានឡើងទៅអង្គុយនៅលើផ្ទះ ពេលនោះលោក​យាយ​ខ្ញុំមិននៅផ្ទះនោះទេ គឺគាត់ត្រូវទៅទិញរបស់របស់ផ្សេងៗ នៅលើផ្ទះប្រពន្ធរបស់គយនោះជួបលោកយាយឌូ ដែលជាប្អូនស្រីភ្លោះរបស់លោកយាយខ្ញុំ ដែលមកជួយរៀបចំការខុសត្រូវក្នុងពិធីការ ប្រពន្ធរបស់គយនោះ​យល់​ច្រឡំ​ថាលោកយាយឌូជាយាយរបស់ខ្ញុំ សព្វដងធ្លាប់តែលោកយាយខ្ញុំរស់រាយរាក់ទាក់ជាមួយនឹងគាត់តែលើកនេះ ដោយពុំឃើញអើពើនឹងគាត់ គាត់ខឹងក៏ចុះពីលើផ្ទះការបម្រុងនឹងត្រឡប់ទៅផ្ទះវិញ តែពេលចេះមកដល់​ក្រោម​ទើបជួបលោកយាយខ្ញុំទើបមកពីធុរៈ លោកយាយខ្ញុំរស់រាយរាក់ទាក់ស្វាគមន៍គាត់ រួចទើបគាត់សួរថា លោកយាយ​ខ្ញុំចុះពីលើផ្ទះមកអ្វីក៏លឿនម្លេះ ទើបលោកយាយខ្ញុំប្រាប់ថាមិនមែនទេ នៅខាងលើនោះគឺប្អូនស្រីភ្លោះរបស់គាត់ទេ ។ ប្រពន្ធគយនោះប្រាប់លោកយាយខ្ញុំថា គាត់ខឹងនឹងលោកយាយខ្ញុំនោះ គឺខឹងដាច់ក្បាលដាច់កន្ទុយហើយ គាត់គិតថាអ៊ំនេះបានការកូនលេងឫកធំ ធ្វើមិនស្គាល់គាត់ បន្ទាប់ពីនោះលោកយាយខ្ញុំក៏សូមទោស ហើយក៏​អញ្ជើញ​គាត់ឲ្យឡើងលើផ្ទះវិញ ។ នេះជារឿងយល់ច្រឡំមួយទៀត ទាក់ទងទៅនឹងជីវិតកូន​ភ្លោះ​របស់លោក​យាយខ្ញុំ ។

ក្នុងរបបវាលពិឃាត

លោកយាយពុំបានបាត់បង់កូននៅក្នុងសម័យខ្មែរក្រហមនោះទេ តែក៏មានបងប្អូន​សាច់ញាតិ​មួយ​ចំនួន​ត្រូវ​បាត់បង់ជីវិតក្នុងសម័យនោះ ។ ក្នុងសម័យនោះលោកយាយ​ក៏ត្រូវធ្វើការធ្ងន់ទទួលទាន​តិចដូច​ប្រជាជន​ខ្មែរដទៃ​ទៀត​ដែរ តែដោយចាត់ទុកថាលោកយាយជាប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ទើបពុំសូវវេទនាខ្លាំងក្លា ដូច​ប្រជាជនថ្មី ដែលជាការបែងចែកប្រជាជនក្នុងរបបប្រល័យពូជសាសន៍ ។ មានរឿងរ៉ាវរបស់លោក​យាយជា​ច្រើន​នៅក្នុងសម័យប៉ុលពតនេះដែលខ្ញុំចាំមិនអស់ មានដូចជារឿងហូបបាយខ្ចប់ស្លឹកក្តាតដែលរមាស់ បង្គាប់ឲ្យប៉ា​ខ្ញុំចាប់​ដៃ​ជាមួយក្មួយស្រីគាត់ម្នាក់តាមការចាត់តាំងរបស់អង្គការ តែប៉ាខ្ញុំមិនព្រម ទើបពូខ្ញុំចាប់ដៃរៀបការជំនួស ។ សង្ឃឹម​ថានឹងមានជំនួយបន្ថែមត្រង់ចំណុចនេះ ។

ក្រោយថ្ងៃរំដោះ

ក្រោយរំដោះកូនៗទាំងអស់របស់លោកយាយបានមករស់នៅភ្នំពេញ ធ្វើការរកស៊ីរៀងៗខ្លួន លោក​យាយ​ក៏បានមកសង់ផ្ទះឈើមួយខ្នងនៅភ្នំពេញ គឺផ្ទះរបស់អ៊ំញ៉ (កូនរបស់លោកយាយដែលភ្លោះ) សព្វថ្ងៃ បើទោះ​ជា​មាន​ផ្ទះនៅភ្នំពេញក៏ដោយក៏លោកយាយពុំសូវស្នាក់នៅដែរ គឺលោកយាយនៅតែទៅធ្វើស្រែ និងសន្សំលុយ​ប្រមូល​ទិញដីស្រែកេរ្តិ៍ឪពុកម្តាយរបស់លោកយាយមកវិញទាំងអស់ ។ នៅខណៈពេលនោះដែរ លោកយាយ​មាន​ភារៈ​ចិញ្ចឹម​ចៅកំព្រាឪពុកពីរនាក់ គឺបងកូ និងបងប្រុស ដែលសព្វថ្ងៃបានទៅរស់នៅជាមួយម្តាយនៅសហរដ្ឋអាមេរិច លោកយាយជួយទំនុកបម្រុង និងរត់ការជួយបងកូ រហូតបានក្លាយជាសាស្ត្រាចារ្យគណិតវិទ្យា នៅ​វីទ្យាល័យ​ដូន​ពេញ (សព្វថ្ងៃប្តូរមកជាវីទ្យាល័យព្រះស៊ីសុវត្ថិ វិញ) ។ មិនត្រឹមតែធ្វើស្រែសម្រាប់តែខ្លួនឯងនោះទេ គឺលោក​យាយ​នៅគ្រប់គ្រងស្រែប្រមូលផលយកមកចែកឲ្យកូនចៅនៅភ្នំពេញហូបទៀត លោកយាយនៅតែចុះឡើង និងមើលថែ​ស្រែរបស់លោកយាយរហូតដល់អាយុប្រហែល ៨០ឆ្នាំ ទើបកូនចៅឃាត់ឈប់ឲ្យខ្វល់ខ្វាយចុះឡើងរឿងដីស្រែ ដោយ​​ទាមទារ​ឲ្យលោកយាយបែងចែកដីស្រែឲ្យកូនចៅ កុំឲ្យលោកយាយនៅតែខ្វល់រឿងនោះ ។ ចាប់តាំងពីលោក​យាយ​ឈប់ទៅមើលថែស្រែភ្លឺទាំងនោះ សុខភាពលោកយាយក៏ចេះតែធ្លាក់ចុះរឿយៗរហូតមកដល់សព្វថ្ងៃ ដែល​ពេល​​ខ្លះត្រូវការអ្នកជួយគ្រាទើបលោកយាយដើរ ឬប្តូរចលនារួច ។

លោកយាយស្រឡាញ់ភូមិស្រុកកំណើតគាត់ណាស់ មិនបានទៅណាក៏ហីទៅចុះ ឲ្យតែបាន​ទៅធ្វើបុណ្យ​នៅ​ស្រុក​កំណើតរបស់គាត់ គឺគាត់រីករាយបំផុត ។ ក្រោយសម័យរំដោះ លោកយាយបានជួយឧបត្ថម្ភដល់វត្ត ជាមួយ​ឧបាសក ឧបាសិកាផ្សេងៗទៀត រហូតសាងបានសាលាឆ័ន (ដែលទើបឆេះកាលពីថ្មីៗនេះ) និងកូន​ព្រះវិហារ​តូចមួយសម្រាប់គោរពសក្ការៈ តែក្រោយមកព្រះវិហារតូចនោះក៏ត្រូវបានវាយចោល និងជំនួស​ដោយ​ព្រះវិហារថ្មី ដែលកំពុងស្ថាបនាមិនទាន់រួចរាល់រហូតដល់ពេលនេះ ។ ចេតិយមួយដែល​កូនចៅសាង​ជូនលោកយាយ​សម្រាប់​តំកល់​ធាតុលោកតា ក៏ត្រូវបានសង់នៅក្នុងវត្តនេះ ដើម្បីជាចំណុចរួមកុសល​របស់កូនចៅ​ទៅធ្វើបុណ្យ​ជួបជុំគ្នា​ក្នុង​ទេសកាលធំៗ ។

មោទនៈភាពក្នុងនាមជាចៅម្នាក់របស់លោកយាយ

មិនដឹងជាបានធ្វើបុណ្យអ្វីនោះទេ ដែលខ្ញុំបានកើតមកជាចៅលោកយាយ ជាមនុស្សមានគុណធម៌ មានការ​សណ្តោស​ប្រោសប្រណី គួរជាទីគោរពកោតខ្លាច ហើយខ្ញុំក៏មាន​សេចក្តីរីករាយ​ជាអនេកដែល​បានកើតមក​ជា​សមាជិក​នៃគ្រួសារដ៏ធំរបស់លោកយាយ ។ រឿងមួយដែលខ្ញុំពេញចិត្តនឹងធ្វើជូនលោកយាយ គឺការអាន​រឿង​ពុទ្ធ​ប្រវត្តិជូនលោកយាយស្តាប់ បន្ទាប់ពីអានចប់ខ្ញុំបានសរសេរឈ្មោះលោកយាយទុកនៅលើសៀវភៅនោះ ហើយ​ក៏រួមមានការអានសៀវភៅធម៌ផ្សេងៗទៀតមួយចំនួនជូនលោកយាយ ។ ខ្ញុំសូមលើក​ម្រាមដប់បួង​សួងឲ្យ​គុណកែវ​ទាំងបី ចូរជួយថែរក្សាលោកយាយ ក្រុមគ្រួសារដ៏ធំរបស់ខ្ញុំ និងប្រទេសជាតិរបស់ខ្ញុំ សូមឲ្យបាន​ជួបប្រទះ​តែនឹង​សេចក្តី​សុខ ត្រជាក់ត្រជុំ ចំរុងចំរើនតទៅ ។


សរសេរដោយលោក វ៉ា សុវណ្ណរ័ត្ន

Thursday, March 24, 2011

The Moment of truth


Everyone seem to be funny and joyful while waiting for the bigger moon by taking chit chat, drinking, shotting photos. We had have hungry by ordered pizza for eating together to fill our stomach. Unfortunately, it's prohibited to order from outside.
Posted by Picasa

Clothes for Chhun Chheat pupils

Posted by Picasa

Bicycles for Chhun Chheat

Posted by Picasa